ភ្នំពេញ ៖ មន្ទីរកសិកម្មខេត្តពោធិ៍សាត់បានបន្តចុះផ្សព្វផ្សាយទៅដល់ប្រជាកសិករឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកសិផលក្នុងស្រុកទាំងតម្លៃ បរិមាណ និងគុណភាព តាមរយៈការប្រែក្លាយការធ្វើកសិកម្មពីលក្ខណៈគ្រួសារ ទៅជាសហគ្រាសសេដ្ឋកិច្ចរឹងមាំ។
លោកហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានឱ្យដឹងថា នៅក្នុងខេត្តពោធិ៍សាត់ផ្ទាល់មន្ទីរកសិកម្មមានមន្រ្តីកសិកម្មឃុំកំពុងបន្តផ្សព្វផ្សាយអំពីគោលការណ៍សំខាន់ៗ និងជំរុញឱ្យប្រជាកសិករក្នុងការចងក្រងប្រមូលផ្តុំជាសមាជិកសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលក្នុងការធ្វើលទ្ធកម្មកសិកម្មតាមកិច្ចសន្យា ដែលរហូតមកដល់ពេលនេះមន្ទីរបានប្រមូលផ្តុំកសិករបានមួយចំនួនផងដែរ។
លោកប្រធានមន្ទីរបានបន្តថា ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។
យើងនៅរៀបចំផ្សព្វផ្សាយឱ្យគាត់យល់ដើម្បីឱ្យគាត់ស្ម័គ្រចិត្តចូល ព្រោះយើងមិនអាចបង្ខំគាត់បានទេ ទាល់តែគាត់ស្ម័គ្រចិត្ត ចូលរួមឱ្យបានច្រើន ជាពិសេសឱ្យបានច្រើនគ្រួសារ និងផ្ទៃដីដាំដុះស្រូវធំ យើងធ្វើផលិតកម្មទៅវាចំណេញ បើសិនមានសមាជិកតិចពេក ការផលិតរបស់គាត់ វាមិនសូវចំណេញ វាពិបាកក្នុងការធ្វើលទ្ធកម្ម តាមកិច្ចសន្យា អ៊ីចឹងហើយបានជាយើងបន្តផ្សព្វផ្សាយឱ្យគាត់បានយល់ដឹងពីសហគមន៍កសិកម្មទំនើប»។
លោកប្រធានមន្ទីរបានបន្ថែមថា ការចង់ក្រងកសិករឱ្យចូលរួមជាសហគមន៍កសិកម្មទំនើបនេះដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណតម្លៃ និងគុណភាព៕









