អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថាការដោះលែងជនជាប់ចោទករណីលួចគងស្ពាន់នៅវត្តស្វាមាស មិនមែនជាការសម្រេចថា ជនជាប់ចោទមានពិរុទ្ធភាព ឬគ្មានពិរុទ្ធភាពឡើយ។
លោក អ៊ី រិន្ទ ថ្លែងដោយចំហរលើបណ្តាញសង្គមនាថ្ងៃទី១៧ ខែកញ្ញា នេះថា ៖ ក្នុងនាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ការសម្រេចដោះលែងជនជាប់ចោទក្នុងសំណុំរឿងពាក់ព័ន្ធនឹងការលួចគងស្ពាន់នៅវត្តស្វាមាស ឱ្យនៅក្រៅឃុំ គឺជាការសម្រេចពាក់ព័ន្ធនឹង វិធានការឃុំខ្លួនក្នុងដំណាក់កាលនីតិវិធី ប៉ុណ្ណោះ។ ការសម្រេចនេះ មិនមែនជាការសម្រេចអង្គសេចក្តីថា ជនជាប់ចោទមានពិរុទ្ធភាព ឬគ្មានពិរុទ្ធភាពឡើយ។
បច្ចុប្បន្ន សំណុំរឿងនៅតែស្ថិតក្នុងដំណើរការនីតិវិធី ហើយសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តចាត់ការតាមច្បាប់ ដោយពិនិត្យ និងវាយតម្លៃភស្តុតាងពាក់ព័ន្ធ ជាពិសេសលទ្ធផលកោសលវិច័យ និងការពិនិត្យវីដេអូពីកាមេរ៉ាសុវត្ថិភាព ដើម្បីបញ្ជាក់អង្គហេតុ និងអត្តសញ្ញាណរបស់បុគ្គលពាក់ព័ន្ធឱ្យបានច្បាស់លាស់។
ការដោះលែងឱ្យនៅក្រៅឃុំ ដូច្នេះ មិនគួរត្រូវបានបកស្រាយថា តុលាការបានសម្រេចថា ជនជាប់ចោទមានភាពស្អាតស្អំ ឬមិនបានប្រព្រឹត្តអំពើដែលត្រូវបានចោទប្រកាន់នោះទេ។ ការសម្រេចថា បុគ្គលម្នាក់មានពិរុទ្ធភាព ឬគ្មានពិរុទ្ធភាព ត្រូវផ្អែកលើលទ្ធផលនៃនីតិវិធី ការប្រមូល និងការវាយតម្លៃភស្តុតាង ព្រមទាំងការសម្រេចអង្គសេចក្តីរបស់តុលាការតាមច្បាប់។
អ្នកនាំពាក្យសូមអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មាន មេត្តាកុំទាន់ធ្វើការសន្និដ្ឋាន ឬចាត់ទុកបុគ្គលណាម្នាក់ថាមានពិរុទ្ធភាព ឬគ្មានពិរុទ្ធភាព មុនពេលនីតិវិធីតុលាការត្រូវបានបញ្ចប់ និងមានការសម្រេចអង្គសេចក្តីតាមច្បាប់។
សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តចាត់ការសំណុំរឿងនេះដោយអនុលោមតាមច្បាប់ និងផ្អែកលើភស្តុតាង ដើម្បីធានាឱ្យការអនុវត្តនីតិវិធី និងការសម្រេចក្តីប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងយល់ឱ្យបានច្បាស់អំពីភាពខុសគ្នារវាង «ការដោះលែងឱ្យនៅក្រៅឃុំ» និង «ការសម្រេចអង្គសេចក្តីអំពីពិរុទ្ធភាព ឬគ្មានពិរុទ្ធភាព» ដែលជាវិធានការនិងការសម្រេចពីរផ្សេងគ្នា ក្នុងដំណាក់កាលនីតិវិធីតុលាការ៕


