រស់ក្រោមដំបូលតែមួយ វាសនាខុសគ្នា អ្នកលក់ការ៉េម ឲ្យភ្ញៀវទេសចរ ក្នុងតម្លៃ ១ចាន ២មុឺនរៀល ត្រូវបានមន្ត្រីនគរបាលក្រុងសៀមរាប ហៅមកធ្វើកិច្ចសន្យាអប់រំ ណែនាំ!
ចំណែកឯករណី លោក មុឹង សុភា មេឃុំជីផាត ថៅកែទូកដរស្ទឹងជីផាត ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង
ដែលយកតម្លៃថ្លៃខ្ពស់ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ២មុឺនរៀល ទៅ ២៥០០០រៀល បែរជាគ្មានមន្ត្រីជំនាញរូបណា ម្នាក់ ហ៊ានអើតមុខចុះទៅធ្វើកិច្ចសន្យា អប់រំណែនាំទាល់តែសោះ។
នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា៖ «កំពង់ចម្លងស្ទឹងជីផាត (ដរទទឹង) ដែលមានលោក មុឹង សុភា មេឃុំជីផាត ជាថៅកែ បានយកតម្លៃពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ស្ទឹងជីផាត ឆ្លងទូកដរចេញពីត្រើយស្ទឹងម្ខាង ទៅត្រើយស្ទឹងម្ខាងទៀត យកតម្លៃថ្លៃខ្ពស់ ២មុឺនរៀល រហូតដល់ ២៥០០០រៀល ឯណោះ។
ចំណែកឯករណីបុរសម្នាក់ ឈ្មោះ ស៊ឺ អាង វ័យ ៥៦ឆ្នាំ មុខរបរលក់ការ៉េម កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ត្រូវបានអស់លោកមន្ត្រីនគរបាលក្រុងសៀមរាប ខេត្តសៀមរាប ហៅយកទៅធ្វើកិច្ចសន្យាអប់រំណែនាំ ឲ្យឈប់លក់តម្លៃថ្លៃបន្តទៀត។
កិច្ចសន្យាណែនាំឲ្យបញ្ឈប់នេះ ធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានថា បុរសវ័យ ៥៦ឆ្នាំ រូបនេះ លក់ការ៉េម ១ចានតម្លៃ ២មុឺនរៀល ឬស្មើរ ៥ដុល្លារ ឲ្យភ្ញៀវទេសចរក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប។
ករណីពីរស្រដៀងគ្នា នេះ ត្រូវបានបង្ហាញ ជាសាធារណៈ និងកំពុងផ្ទុះការវែកញែកជាខ្លាំង ពីមហាជន ព្រោះកាលរស់នៅក្រោមដំបូលមេឃតែមួយ មិនគួរមានវាសនាខុសគ្នា អ្នកលក់ការ៉េមឲ្យភ្ញៀវទេសចរ តម្លៃ១ចាន ២មុឺនរៀល ត្រូវបានមន្ត្រីនគរបាលក្រុងសៀមរាប ហៅមក ស្នាក់ការប៉ុស្តិ៍នគរបាល ដើម្បីឲ្យធ្វើកិច្ចសន្យាអប់រំ ណែនាំ។
ចុះមន្ត្រីស៊ីប្រាក់រាស្ត្រ ប្រកបរបរ ដាក់ម៉ាស៊ីនបូមលុយពីភ្ញៀវជាតិនិងអន្តរជាតិ ម្តេចមិនព្រមហៅឲ្យមកធ្វើកិច្ចសន្យា អប់រំ ណែនាំឲ្យបញ្ឈប់សកម្មភាពផង! ហេតុអ្វីហៅតែរាស្ត្រតូចទាប ឬក៏មន្ត្រីថៅកែទូកដរ រូបនោះ ថ្លើមដុះស្លាបហើយមែនបានជា គ្មានមន្ត្រីរូបណាហ៊ានហៅ ធ្វើកិច្ចសន្យាណែនាំ៕


