ឯកឧត្តម ហែម វណ្ណឌី កោតសរសើរជោគជ័យរបស់ក្រុមហ៊ុន Toyota នៅកម្ពុជា និងស្នើពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយសហគ្រាសក្នុងស្រុក
រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងក្រុមហ៊ុន Toyota (Cambodia) និងរោងចក្រដំឡើងរថយន្តតូយូតា (Toyota Tsusho Manufacturing) ដែលបានបង្ហាញពីវឌ្ឍនភាពនៃការផលិតរថយន្តរបស់ខ្លួននៅកម្ពុជា។
តំណាងក្រុមហ៊ុនបានរាយការណ៍ថា ក្រុមហ៊ុនតូយូតាបានចាប់ផ្តើមផលិតរថយន្តម៉ូដែល Hilux និង Fortuner ក្រោមស្លាក “ផលិតនៅកម្ពុជា” ចាប់តាំងពីឆ្នាំ២០២៤ មក។ ក្រុមហ៊ុនក៏បានបង្ហាញកំណើននៃការផលិតគួរឱ្យកត់សម្គាល់ ពី ២៧ គ្រឿងក្នុងមួយខែ នៅពេលសម្ពោធរោងចក្រកាលពី២ឆ្នាំមុន រហូតដល់បច្ចុប្បន្ន ផលិតជាង ៤០០ គ្រឿងក្នុងមួយខែ។ បុគ្គលិករបស់ក្រុមហ៊ុនប្រមាណ ៧៧% គឺជាសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ទន្ទឹមនេះ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក៏បានជួយបង្កើនភាពប្រកួតប្រជែងនៃរថយន្តតូយូតាដំឡើងនៅកម្ពុជា និងបានជំរុញកំណើនលក់របស់ក្រុមហ៊ុនផងដែរ។
ឯកឧត្តម ហែម វណ្ណឌី បានអបអរសាទរសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ ថាជា “ជោគជ័យត្រដ៏ចះត្រចង់” និងឆ្លុះបញ្ចាំងពីកិច្ចសហការល្អរវាងផ្នែកឯកជន និងរាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មក្នុងស្រុក ការអនុវត្តស្តង់ដារ និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងការផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ជាពិសេសសិក្សាលទ្ធភាពប្រើប្រាស់គ្រឿងបន្លាស់ និងសម្ភារដែលផលិតដោយក្រុមហ៊ុនខ្មែរ។
ឯកឧត្តមក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនពង្រឹងការណែនាំដល់អតិថិជនអំពីសុវត្ថិភាព ការថែទាំរថយន្ត និងការប្រើប្រាស់មុខងារទំនើបៗ ដោយផលិតជាវីដេអូអប់រំខ្លីៗ និងបណ្តាញឌីជីថល ព្រមទាំងបន្តកិច្ចសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីពង្រឹងស្តង់ដារ និងគុណភាពក្នុងវិស័យយានយន្ត។
តំណាងក្រុមហ៊ុន Toyota បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការជាមួយសហគ្រាសក្នុងស្រុក ដៃគូផ្តល់សេវាកម្មនៅតាមបណ្តារាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍធនធានមនុស្ស និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃឧស្សាហកម្មយានយន្តនៅកម្ពុជា។












