ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីការស៊ើបអង្កេតអាវុធ «ការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»
រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីការស៊ើបអង្កេតអាវុធ «ការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍» ដែលប្រារព្ធធ្វើនៅសណ្ឋាគារ សាន់ អែន ម៉ូន រាជធានីភ្នំពេញ។
បន្ទាប់ពីបានស្តាប់មតិស្វាគមន៍របស់ លោកឧត្តមសេនីយ៍ត្រី យូ បូរិន ប្រធានការិយាល័យនគរបាលអន្តរជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំណាប់អារម្មណ៍របស់លោកស្រី Line HAIDAR មន្ត្រីជំនាញផ្នែកអាវុធ នៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ (INTERPOL) និងលោក Aaron Mosby ទីប្រឹក្សាជាន់ខ្ពស់ នៃក្រសួងថាមពល សហរដ្ឋអាមេរិករួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវត្តមាននៃការចូលរួមរបស់លោក លោកស្រី នាពេលនេះ ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់កងកម្លាំងមកពីស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ ដែលបាននិងកំពុងបន្តកើតមាននៅក្នុងសកលលោក និយាយជារួម និងដោយឡែកក្នុងបណ្តាប្រទេសនីមួយៗ ដែលជាសមាជិកអាស៊ាន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងថាមពលរបស់សហរដ្ឋអាមេរិក ដែលនៅទីនេះ មានវត្តមានលោក Aaron Mosby ជាតំណាង សម្រាប់ការគាំទ្រមូលនិធិក្នុងការរៀបចំគម្រោងនៃវគ្គបណ្តុះបណ្តាល និងលោកស្រី Line HAIDAR មន្ត្រីជំនាញផ្នែកអាវុធ លោក Edward S LEE មន្ត្រីជំនាញផ្នែកប្រឆាំងភេរវកម្ម និងលោក Mohamed Osama Ahmed Abdulbari អ្នកជំនាញផ្នែកអាវុធនៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ដែលអញ្ជើញមកធ្វើជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ បានចាត់ទុកថា ដំណើរការនៃវគ្គបណ្តុះបណ្តាលដែលអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិបានរៀបចំនៅពេលនេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្នុងការបង្កើនសមត្ថភាព និងបច្ចុប្បន្នភាពចំណេះដឹងដែលបានអនុវត្តនាពេលកន្លងមក បន្ស៊ីគ្នាជាមួយបណ្តាប្រទេសជាសមាជិករបស់ស្ថាប័ននគរបាលអន្តរជាតិមានដូចជា ៖ ពិធីសារប្រតិបត្តិការនៃការអនុវត្ត ការស៊ើបអង្កេតការជួញដូរ និងការកំណត់អត្តសញ្ញាណអាវុធ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង តាមដាន និងរក្សាទុកកំណត់ត្រាអាវុធខុសច្បាប់ និងឧបករណ៍ប្រើប្រាស់ជាឯកសារយោងក្នុងការសម្គាល់អាវុធខុសច្បាប់ ដែលមាននៅក្នុងទិន្នន័យស្ថាប័ននគរបាលអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា ក៏សូមអរគុណចំពោះការចំណាយពេលវេលាចូលរួមពីសំណាក់មន្រ្តីមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងសង្ឃឹមជឿជាក់ថា វត្តមានរបស់លោក លោកស្រីនាពេលនេះ គឺជាការចូលរួមចំណែកចែករំលែកបទពិសោធន៍ល្អៗ និងការទទួលយកបទពិសោធន៍ថ្មីៗបន្ថែមទៀត សម្រាប់ស្ថាប័នរៀងៗខ្លួន ដែលនឹងធ្វើឱ្យដំណើរការនៃវគ្គបណ្តុះបណ្តាលនេះ កាន់តែមានភាពសកម្មផុលផុស ទទួលបានលទ្ធផលតាមការរំពឹងទុក។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីការស៊ើបអង្កេតអាវុធ «ការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍» មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមចំនួនប្រមាណ៤០រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជារួមមាន៖ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ, អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ, អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម, អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងស្ថាប័នអយ្យការ នៃក្រសួងយុត្តិធម៌៕

















